(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្តល់ប្រាក់កម្ចី១២៧.៨ លានដុល្លារគាំទ្រការកសាងបណ្តាញបញ្ជូន និងអនុស្ថានីយអគ្គិសនី ដើម្បីជួយឱ្យរាជធានីភ្នំពេញ និងខេត្ត៣ ផ្សេងទៀតនៃប្រទេសកម្ពុជា ទទួលបានការផ្គត់ផ្គង់អគ្គិសនីប្រកបដោយស្ថេរភាពនិងអាចទុកចិត្តបាន។ ADB បានឲ្យដឹងទៀតថា គម្រោងកម្ចីនេះ ក៏នឹងសាកល្បងប្រព័ន្ធផ្ទុកថាមពល ដើរដោយអាគុយ ខ្នាតធំដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជាដោយប្រើថវិកាចំនួន ៦.៧ លានដុល្លារ។ ក្នុងនោះរាប់បញ្ចូលទាំង ៤.៧ លានដុល្លារ ពីមូលនិធិអាកាសធាតុជាយុទ្ធសាស្ត្រ (Strategic Climate Fund)នៃការពង្រីកការអនុវត្ត កម្មវិធីថាមពល កកើតឡើងវិញនៅក្នុងប្រទេសដែលមានចំណូលទាប និង ២ លានដុល្លារពីមូលនិធិថាមពលស្អាត(Clean Energy Fund) នៃគម្រោងដៃគូហិរញ្ញប្បទានសម្រាប់ថាមពលស្អាត (Clean Energy Financing Partnership Facility)។ មូលនិធិទាំងពីរត្រូវបានគ្រប់គ្រងដោយធនាគារអភិវឌ្ឍន៍អាស៊ី។លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា «គម្រោងបង្កើនប្រព័ន្ធបញ្ជូនចរន្ត រួមជាមួយជំនួយជាបន្ត របស់ធនាគារអភិវឌ្ឍន៍ អាស៊ីដល់ប្រទេសកម្ពុជាក្នុងការរៀបចំផែនការបណ្តាញថាមពល បង្ហាញថាការផ្គត់ផ្គង់ថាមពលគ្រប់គ្រាន់អាចទុកចិត្តបាន និងមាននិរន្តរភាពបរិស្ថាន អាចត្រូវបានផ្តល់ជូន ក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ ការអភិវឌ្ឍប្រកបដោយសមធម៌។ ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ នឹងបង្ហាញពីរបៀប ដែលការអភិវឌ្ឍ ខ្នាតធំនៃការអនុវត្ត បច្ចេកវិទ្យាច្នៃប្រឌិតថ្មី អាចត្រូវបានប្រើ ដើម្បីដំណើរការបណ្តាញអគ្គិសនី ក្នុង ប្រទេសកម្ពុជានាពេលអនាគត និង ដើម្បីបង្កើតថាមពលកកើតឡើងវិញបន្ថែមទៀត»។រាជរដ្ឋាភិបាល បានកំណត់ការអភិវឌ្ឍវិស័យថាមពល ជាអាទិភាពរបស់ជាតិ ព្រោះថាការផ្គត់ផ្គង់អគ្គិសនីកាន់តែរឹងមាំ នឹងជួយជំរុញផលិតភាពសេដ្ឋកិច្ចនិងគុណភាពជីវិត។ ខណៈពេលដែលកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកការផលិតថាមពលតម្លៃទាបក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត ដែលមានស្រាប់កំពុងឈានដល់ការប្រើប្រាស់អស់សមត្ថភាព ហើយត្រូវការ ការពង្រីកនិងពង្រឹងបន្ថែម ដើម្បីចៀសវាងការរំខានដល់ការផ្គត់ផ្គង់។គម្រោងនេះនឹងជួយដល់ អគ្គិសនីកម្ពុជា (EDC) ដែលស្ថាប័នអគ្គិសនីជាតិ របស់ប្រទេសកម្ពុជា ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនចរន្ត តាមរយៈការផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់បណ្តាញ បញ្ជូន ១១៥-២៣០ គីឡូវ៉ាត់ ចំនួន ៤ និងអនុស្ថានីយអគ្គិសនីចំនួន ១០ នៅរាជធានីភ្នំពេញ ខេត្តកំពង់ ឆ្នាំង កំពង់ចាម និងតាកែវ។គម្រោងផ្ទុកថាមពលដោយអាគុយ សាកល្បង ដែលមានទីតាំងស្ថិតនៅក្បែរឧទ្យានថាមពលព្រះអាទិត្យមានកម្លាំង ១០០ មេហ្គាវ៉ាត់ ដែលគាំទ្រដោយ ADB នឹងរួមបញ្ចូល នូវការបណ្តុះបណ្តាល បច្ចេកទេសផងដែរ។ រាជរដ្ឋាភិបាលគ្រោង នឹងបង្កើនសមត្ថភាពផលិតចរន្តអគ្គិសនី ថាមពលព្រះអាទិត្យ ដល់ ៤១៥ មេហ្គាវ៉ាត់នៅឆ្នាំ ២០២២ ពោលគឺកើនឡើងពី ១៥៥ មេហ្គាវ៉ាត់ក្នុងឆ្នាំ ២០១៩ ។ ប្រព័ន្ធផ្ទុកថាមពលដោយអាគុយ ដែលគាំទ្រដោយគម្រោងនេះ មានសមត្ថភាពសន្សំថាមពលអគ្គិសនី ១៦ មេហ្គាវ៉ាត់ម៉ោង និងផ្តល់លទ្ធភាពដើម្បីជួយរួមបញ្ចូល ថាមពលកកើតឡើងវិញ ការបន្ថយការកកស្ទះ ការបញ្ជូនចរន្ត និងធ្វើតុល្យាការនៃការផ្គត់ផ្គង់និងតម្រូវការផងដែរ។
ព័ត៌មានគួរចាប់អារម្មណ៍
ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញជួបសំណេះសំណាលជាមួយគ្រិស្ទបរិស័ទ ខេត្តបន្ទាយមានជ័យ (រស្មីកូនខ្មែរ)
បុរសជនជាតិប៊ែលស្ស៊ិច វ័យ៦៨ឆ្នាំម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក នៅក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត សង្ស័យតូចចិត្តនឹងមានជំងឺច្រើន (រស្មីកូនខ្មែរ)
អាជីវករនៅផ្សារប៉ាហ៊ីស ប្បាយរីករាយក្រោយពីលោកជំទាវ បាន ស្រីមុំ លើកលែងមិនយកថ្លៃតូបចំនួន៣ខែ (រស្មីកូនខ្មែរ)
លោកជំទាវ បាន ស្រីមុំដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សម្រាប់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ខាងមុខនេះ (រស្មីកូនខ្មែរ)
អាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនជាតិចិន ១នាក់ និងខ្មែរ ១នាក់ ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិចិនម្នាក់ នៅចំណុចចំការដំឡូងមី ស្ថិតក្នុងភូមិព្រៃគប់ សង្កាត់អូរឬស្សី (រស្មីកូនខ្មែរ)
វីដែអូ