ពលរដ្ឋជាង២ពាន់នាក់ នៅក្នុង១៥ខេត្តត្រូវបានក្រសួងសុខាភិបាលរកឃើញថាមានករណីសង្ស័យជំងឺគ្រុនឈីក
ភ្នំពេញ)៖ ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថាក្រសួងរកឃើញករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ២០៤៧ នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុន ឈាមពីមន្ទីរសុខាភិបាលខេត្តចំនួន១៥ខេត្ត រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង កំពត ពោធិ៍សាត់ កណ្ដាល កំពង់ធំ តាកែវ កំពត និងខេត្តព្រះសីហនុ។
ក្រសួងបន្តថា នៅក្នុងចំនួនសរុបករណីសង្ស័យជំងឺគ្រុនឈីកខាងលើមាន ៥៨% (ស្មើនឹង១១៨៤នាក់) កើតមានលើមនុស្សពេញវ័យ ចំនួន ៣០.៣% ជាកុមារអាយុលើសពីប្រាំឆ្នាំ និងចំនួន១១.៧% ជាកុមារមានអាយុក្រោមប្រាំឆ្នាំ។ គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៥៨.២% (ស្មើនឹង ៦៨៩នាក់) និងអ្នកជំងឺភេទប្រុសមាន ៤១.៧% (ស្មើនឹងចំនួន ៤៩៤នាក់)។ ចំនួនអ្នកឈឺជាង ៨០% នៃករណីសង្ស័យសរុប គឺមកពីខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និងខេត្តតាកែវ។ អ្នកជំងឺប្រមាណជា ៩០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ ហើយនៅសល់១០% កំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ។
កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានបញ្ជាក់ផងដែរថា អ្នកជំងឺប្រមាណជា ៧២.៤០% នៃករណីសង្ស័យសរុបខាងលើ គឺមានជំងឺគ្រុនឈីក។ លទ្ធផលធ្វើការសិក្សាបាណកសាស្ត្រ របស់កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម ក៏បានបង្ហាញដែរថា នៅក្នុង និងជុំវិញផ្ទះ ត្រូវបានគេពិនិត្យមើលវត្តមានរបស់ដង្កូវទឹក បង្កើតជាមូស ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈីក និងគ្រុនឈាម គឺចំនួន ៦៦.៧% មាននៅក្នុងសំបកកង់ឡាន និងម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្ល ជ័រ កំប៉ុងកាហ្វេជ័រ និងចំនួន ៣៣.៣% មាននៅក្នុងពាងមូល ពាងស៊ីម៉ងត៍ អាងទឹក និងកុងតឺន័រ។