សម្តេចតេជោ ហ៊ុន សែន ៖ថ្ងៃជ័យជម្នះ៧មករា គឺជាថ្ងៃបើកឡើងវិញនូវទំព័រសករាជថ្មី នៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម
រាជធានីភ្នំពេញ៖៧មករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៅកម្ពុជា ដែលបានកាប់សម្លាប់ និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់ជិត៣លាននាក់។ថ្ងៃ ៧ មករា ១៩៧៩ គឺជាបើកឡើងវិញនូវទំព័រសករាជថ្មីនៃឯករាជ្យ សេរីភាព សន្តិភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍បែបនេះក្នុងឱកាសដែលសម្តេច សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជន សម្តេចក្រឡាហោម ស ខេង និងសម្តេច សាយ ឈុំ អនុប្រធានគណបក្ស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរ“ខួបលើកទី៤១ឆ្នាំ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩- ៧ មករា ២០២០“ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមករា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលកោះពេជ្ររាជធានីភ្នំពេញ។ក្នុងនោះក៏មានការអញ្ជើចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ស្ថាប័នតាមក្រសួងនានា ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីអង្គទូត សិស្សានុសិស្ស និស្សិត និងប្រជាពលរដ្ឋប្រមាណជាជិត៥ម៉ឺននាក់ផងដែរ។
ក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ បង្ហាញនូវស្មារតីចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា និងវិរកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្វាយនូវព្រះពរដល់ព្រះមហាក្សត្រ និងសម្តេចម៉ែក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ ដែលព្រះអង្គបានគង់ជាម្លប់ដ៏ត្រជាក់សម្រាប់កូនចៅគ្រប់ៗជំនាន់។
សម្តេចតេជោបន្តថា ក្រោយពេលបញ្ចប់សង្រ្គាមទាំងស្រុងនាពេលនោះ គឺបានផ្តល់ឱកាសពេញលេញដល់កម្ពុជាកសាង និងអភិវឌ្ឍន៍ប្រទេសមានការចម្រើនលូតលាស់ជាបន្តបន្ទាប់ ក្រោមម្លប់សន្តិភាព បានធ្វើអោយសេដ្ឋកិច្ចកម្ពុជា កាន់តែរីកលូតលាស់ ក្នុងនោះគឺទំហំពាណិជ្ជកម្ម និងទំហំវិនិយោគពីបរទេសកាន់តែច្រើនឡើង ដែលធ្វើអោយកម្ពុជាអាចរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧.១%។
សម្តេចតេជោ ប្រធានគណបក្ស បានបន្តទៀតថា ប្រជាជនកម្ពុជាទាំងអស់បានប្រសិទ្ធនាមថា ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទី២របស់ខ្លួន និង ៧មករានាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ។ ជាក់ស្ដែងស្ថិរភាពនយោបាយ សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈគឺត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ ធ្វើឲ្យប្រជាជនបានរស់នៅយ៉ាងសុខសាន្ត សុខដុមរម្យនា រាល់ការប៉ុនប៉ង និងមានបំណងផ្លាស់ប្ដូររបបនយោបាយនៅកម្ពុជា តាមរយៈវិធានការដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងគោលការណ៍លិទ្ធិប្រជាធិបតេយ្យ ត្រូវបរាជ័យទាំងស្រុងក្រោមចំណាត់ការដោយម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងកម្លាំងការពាររបស់ប្រជាជន ដែលបានប្ដេជ្ញាចិត្ដយ៉ាងមោះមុតក្នុងការថែរក្សាជីវភាពរស់នៅដ៏សុខសាន្ត៕